យល់ដឹងអំពី តួនាទីនៃការគ្រប់គ្រងក្រុមប្រឹក្សាឃុំ សង្កាត់
ច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ ដែលត្រូវបានអនុម័ត ដាក់ឲ្យប្រើប្រាស់ កាលពីឆ្នាំ២០០១ ត្រង់ជំពូកទី២ និយាយពី “ក្រុមប្រឹក្សាឃុំសង្កាត់” បង្ហាញថា ឃុំសង្កាត់នីមួយៗ ត្រូវបានក្រុមប្រឹក្សាមួយ ហៅថា ក្រុមប្រឹក្សាឃុំសង្កាត់។

កម្មវិធី វិនិយោគ ឃុំ សង្កាត់ ដែល មាន ៥ ជំហាន
ក្រុមប្រឹក្សាឃុំសង្កាត់ ជាអង្គការតំណាងប្រជាពលរដ្ឋក្នុងឃុំសង្កាត់របស់ខ្លួន និងមានបេសកកម្មបម្រើផលប្រយោជន៍ទូទៅក្នុងឃុំសង្កាត់របស់ខ្លួន។ ការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ទាំងអស់នៅកម្ពុជា តាមនយោបាយវិមជ្ឈការ ឬការផ្តល់អំណាចពីថ្នាក់ជាតិ ទៅកាន់ក្រុមប្រឹក្សាឃុំសង្កាត់។
ច្បាប់ ស្តីពី ការគ្រប់គ្រងឃុំសង្កាត់ ក៏បានលើកឡើងថា ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវជ្រើសរើសឡើងតាមការបោះឆ្នោត ដោយប្រជាពល រដ្ឋនៃឃុំសង្កាត់របស់ខ្លួន ស្របទៅតាមនីតិវិធី ដែលកំណត់ដោយច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ អំណាចដឹកនាំ និងគ្រប់គ្រងឃុំសង្កាត់ បានមកដោយការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះ ដោយសម្ងាត់ ក្នុងក្របខ័ណ្ឌនៃឃុំសង្កាត់នីមួយៗ។
ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវមានអាណត្តិ ៥ ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលមានក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ចូលកាន់តំណែង។
ក្រុមប្រឹក្សាឃុំសង្កាត់ មានសមាជិកពី ៥ រូប ទៅ ១១ រូប ផ្អែកតាមប្រជាសាស្ត្រ និងភូមិសាស្ត្រក្នុងឃុំសង្កាត់នោះ។ ចំនួនជាក់ស្តែងនៃសមាជិកក្រុមប្រឹក្សាតាមឃុំសង្កាត់នីមួយៗ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួមហាផ្ទៃ។
ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវមានប្រធានម្នាក់ ហៅថា ប្រធានក្រុមប្រឹក្សាឃុំសង្កាត់ ដែលមានភារកិច្ចដូចតទៅ៖
- ធ្វើជាអធិបតេយ្យក្នុងសម័យប្រជុំនានារបស់ក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លូន
- ធានាឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សាឃុំសង្កាត់យ៉ាងតិចឲ្យបានមួយដងក្នុងមួយខែ
- ធានាឲ្យសម័យប្រជុំក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លូនដំណើរការបានត្រឹមត្រូវទៅតាមវិធាននិងបទបញ្ជាដូចបានចែងក្នុងបទបញ្ជាផ្ទៃក្នុងនៃក្រុមប្រឹក្សាឃុំសង្កាត់ និងបទប្បញ្ញត្តិដូចមានចែងក្នុងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់។
- រក្សារបៀបរៀបរយ និងសណ្តាប់ធ្នាប់ក្នុងពេលប្រជុំ។
ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវធ្វើការប្រជុំយ៉ាងតិចណាស់ចំនួនមួយដងក្នុងមួយខែ។ ការប្រជុំត្រូវធ្វើឡើងក្នុងសាលាឃុំ ឬសាសាសង្កាត់របស់ខ្លួន ឬក្នុងករណីចាំបាច់អធិបតីនៃអង្គប្រជុំ អាចជ្រើសរើសយកទីកន្លែងណាមួយក្នុងឃុំសង្កាត់របស់ខ្លួនដើម្បីប្រជុំ។
ការប្រជុំក្រុមប្រឹក្សាឃុំសង្កាត់ នឹងយកជាការបានការ លុះត្រាតែមានចំនួនលើសពីពាក់កណ្តាលនៃសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងមូលចូលរួម។ ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវធ្វើការបោះឆ្នោតអនុម័តដោយសសំឡេងភាគច្រើនដាច់ខាតនៃសមាជិកក្រុមប្រឹក្សាទាំងមូល ដើម្បីសម្រេចបញ្ហាណាមួយដូចខាងក្រោមនេះ៖
- អនុម័តលើគម្រោងផែនការអភិវឌ្ឍន៍ឃុំសង្កាត់
- អនុម័តលើគម្រោងថវិកាឃុំសង្កាត់
- កំណត់តម្លៃសារពើពន្ធមូលដ្ឋាន មិនមែនសារពើពន្ធមូលដ្ឋាន និងកម្រៃសេវាផ្សេងៗ
- អនុម័តបទបញ្ជាផ្ទៃក្នុង និងដីកាឃុំសង្កាត់
- កិច្ចការផ្សេងៗទៀតដែលកំណត់ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ក្នុងពេលអនុម័ត ប្រសិនបើមានសំឡេងឆ្នោតស្មើគ្នា សំឡេងរបស់អធិបតីនៃអង្គប្រជុំមានឧត្តមានុភាព។ ការប្រជុំក្រុមប្រឹក្សាឃុំសង្កាត់ត្រូវធ្វើឡើងជាសមាណៈ និងមានលក្ខណៈប្រជាធិបតេយ្យ។ ក៏ប៉ុន្តែនៅក្នុងករណីចាំបាច់ ក្រុមប្រឹក្សាឃុំសង្កាត់អាចប្រជុំជាសម្ងាត់បាន។
សមាជិកក្រុមប្រឹក្សាឃុំសង្កាត់មានសេរីភាពក្នុងការបញ្ចេញមតិក្នុងអង្គប្រជុំក្រុមប្រឹក្សាឃុំសង្កាត់។ ហើយសមាជិករូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនដោយហេតុពីបានសម្តែងយោបល់ ឬបញ្ចេញមតិក្នុងអង្គប្រជុំក្រុមប្រឹក្សាឃុំសង្កាត់បានឡើយ។
ចំណែកជំពូកទី៣ រចនាសម្ព័ន្ធរដ្ឋបាលឃុំសង្កាត់ ត្រង់មាត្រា ២៥ នៃច្បាប់ស្តីពីការគ្រប់គ្រងឃុំសង្កាត់ បានកំណត់ថា រដ្ឋបាលឃុំសង្កាត់ ត្រូវដឹកនាំគ្រប់គ្រងដោយក្រុមប្រឹក្សាឃុំសង្កាត់។ ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវមានប្រធានក្រុមប្រឹក្សាឃុំសង្កាត់។ ប្រធានក្រុមប្រឹក្សាឃុំសង្កាត់ ជាមេឃុំ ចៅសង្កាត់។
មេឃុំចៅសង្កាត់ មានអ្នកជំនួយការ ដូចខាងក្រោម៖
ចំពោះមេឃុំ អ្នកជំនួយការ មានពីររូប៖ ជំទប់ទី១ មួយរូប និងជំទប់ទី២ មួយរូប។ ចំពោះចៅសង្កាត់ អ្នកជំនួយការ មានពីររូប៖ ចៅសង្កាត់រងទី១ មួយរូប និងចៅសង្កាត់រងទី២ មួយរូប។
មេឃុំ ចៅសង្កាត់ មានសិទ្ធិចាត់តាំងគណៈកម្មាធិការនានា ដើម្បីផ្តល់យោបល់ និងជួយកិច្ចការនានា តាមការចាំបាច់។ គណៈកម្មាធិការខាងលើនេះ អាចយកសមាជិកណាម្នាក់ក្នុងក្រុមប្រឹក្សាឃុំសង្កាត់ ឲ្យធ្វើជាប្រធានក៏បាន ឬអាចយកប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតណាម្នាក់ក្នុងឃុំសង្កាត់របស់ខ្លួន ក្រៅពីសមាជិកក្រុមប្រឹក្សាឲ្យធ្វើជាប្រធានក៏បាន។
ប្រធានក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាមេឃុំចៅសង្កាត់ ត្រូវជ្រើសរើសចេញពីបេក្ខជនលេខរៀងលើគេបង្អស់នៃបញ្ជីបេក្ខជន ដែលបានទទួលសំឡេងឆ្នោតច្រើនជាងគេបង្អស់។
ប្រធានក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាមេឃុំ ចៅសង្កាត់ មានអាណត្តិស្មើនឹងអាណត្តិរបស់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់។
ជំទប់ទី១ ចៅសង្កាត់រងទី១ ត្រូវជ្រើសរើសចេញពីបេក្ខជនដែលមានឈ្មោះលេខរៀងលើគេនៃបញ្ជីបេក្ខជនដែលបានទទួលសំឡេងឆ្នោតលំដាប់ទី២។
ជំទប់ទី២ ចៅសង្កាត់រងទី២ ត្រូវជ្រើសរើសចេញពីបេក្ខជន ដែលមានឈ្មោះលេខរៀងលើគេ នៃបញ្ជីបេក្ខជនដែលបានទទួលសំឡេងឆ្នោតលំដាប់ទី៣។
ក្នុងករណីដែលលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ណាបានផ្តល់សំឡេងគាំទ្រដល់បញ្ជីបេក្ខជនតែមួយ ដែលមានលក្ខណសម្បត្តិទទួលបានអាសនៈទាំងអស់ ក្នុងក្រុមប្រឹក្សា ត្រូវជ្រើសរើសក្រុមប្រឹក្សាពីក្នុងបញ្ជីតែមួយនោះ ឲ្យទទួលតំណែងជាមេឃុំ ឬចៅសង្កាត់ ជំទប់ទី១ ឬចៅសង្កាត់រងទី១ ជំទប់ទី២ ឬចៅសង្កាត់រងទី២។
មេឃុំ ចៅសង្កាត់ បំពេញតួនាទីភារកិច្ច ដូចខាងក្រោម៖
-អនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំសង្កាត់
-អនុវត្តនូវបទប្បញ្ញត្តិ និងគោលការណ៍នានា ដែលបានទទួលពីក្រុមប្រឹក្សាឃុំសង្កាត់
-ធ្វើសេចក្តីរាយការណ៍អំពីសកម្មភាពការងារជូនក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួនយ៉ាងតិចឲ្យបានមួយដងក្នុងមួយខែ
-ផ្តល់យោបល់ផ្សេងៗ និងជួយដល់ក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងក្នុងការចាត់ចែងអនុវត្តនូវតួនាទី មុខងារសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាឃុំសង្កាត់ ព្រមទាំងកិច្ចការផ្សេងទៀត ដែលក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួនប្រគល់ឲ្យ។
ជំទប់ ឬចៅសង្កាត់រង ជាជំនួយការរបស់មេឃុំ ចៅសង្កាត់ ក្នុងការអនុវត្តភារកិច្ច ដែលមេឃុំ ចៅសង្កាត់ ប្រគល់ឲ្យ និងជំនួសមេឃុំ ចៅសង្កាត់ ទៅតាមឋានានុក្រមនៃជំទប់ ចៅសង្កាត់រង នៅពេលដែលមេឃុំចៅសង្កាត់អវត្តមាន។
ជំទប់ ឬចៅសង្កាត់រង ត្រូវធ្វើការបែងចែកភារកិច្ច ដូចខាងក្រោម៖
ជំទប់ទី១ ឬចៅសង្កាត់រងទី១ ទទួលជួយមេឃុំ ចៅសង្កាត់លើកិច្ចការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជំទប់ទី២ ឬចៅសង្កាត់រងទី២ ទទួលជួយមេឃុំចៅសង្កាត់លើកិច្ចការរដ្ឋបាល សង្គមកិច្ច សេវាសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ។
មេឃុំចៅសង្កាត់ អាចប្រគល់ភារកិច្ចបន្ថែមពីលើភារកិច្ចដែលបានបែងចែកខាងលើនេះ ដល់ជំទប់ ឬចៅសង្កាត់រងរបស់ខ្លួន។
ក្រុមប្រឹក្សាឃុំសង្កាត់ អាចធ្វើប្រតិភូកម្មអំណាចឲ្យដល់មេឃុំចៅសង្កាត់ តាមសេចក្តីណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកលែងតែបញ្ហាទាំងឡាយ ដូចខាងក្រោម៖
-ការអនុម័តលើគម្រោងថវិកាឃុំសង្កាត់
-ការកំណត់តម្លៃសារពើពន្ធមូលដ្ឋាន មិនមែនសារពើពន្ធមូលដ្ឋាន និងកម្រៃសេវាផ្សេងៗ
-ការបោះឆ្នោតអនុម័តបទបញ្ជាផ្ទៃក្នុង និងដីកាឃុំសង្កាត់
-ការអនុម័តលើគម្រោងផែនការអភិវឌ្ឍន៍ឃុំសង្កាត់
-បញ្ហាដទៃទៀត ដែលកំណត់ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មេឃុំចៅសង្កាត់ ដែលត្រូវបានក្រុមប្រឹក្សាឃុំសង្កាត់ ធ្វើប្រតិភូកម្មអំណាចឲ្យ ពុំអាចផ្ទេរអំណាចនេះបន្តទៅឲ្យបុគ្គលដទៃទៀតបានឡើយ។
ក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានធ្វើប្រតិភូកម្មអំណាចឲ្យដល់មេឃុំ ចៅសង្កាត់ នៅតែទទួលខុសត្រូវលើកិច្ចការដែលបានធ្វើប្រតិភូកម្មនោះ។
ការដកហូតនូវអំណាច ដែលបានធ្វើប្រតិភូកម្ម មិនធ្វើឲ្យប៉ះពាល់ដល់សុពលភាពនៃកិច្ចការ ដែលបានធ្វើរួចហើយនោះឡើយ។
ចំពោះជំពូកទី៦ ស្តីពី ផែនការអភិវឌ្ឍន៍ឃុំសង្កាត់ ក៏បានកំណត់ថា ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវរៀបចំ អនុម័ត និងអនុវត្តន៍នូវផែនការអភិវឌ្ឍន៍ឃុំសង្កាត់ ក្នុងគោលបំណងកំណត់នូវទស្សនវិស័យ កម្មវិធី និងកិច្ចអភិវឌ្ឍន៍ឃុំសង្កាត់របស់ខ្លួន។
ផែនការអភិវឌ្ឍន៍ឃុំសង្កាត់ ត្រូវឲ្យស្របទៅនឹងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់ជាតិ។
ផែនការអភិវឌ្ឍន៍ឃុំសង្កាត់ ត្រូវអនុម័ត យល់ព្រម ដោយក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងឆ្នាំទី១ នៃអាណត្តិរបស់ក្រុមប្រឹក្សាឃុំសង្កាត់ ហើយត្រូវពិនិត្យឡើងវិញ ដើម្បីផ្តល់ទិន្នន័យថ្មីៗ ជារៀងរាល់ឆ្នាំ ដោយក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួន។
ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ឃុំសង្កាត់ ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវចាត់វិធានការ ដូចតទៅ៖
-វាយតម្លៃអំពីកម្រិតអត្ថិភាព នៃការអភិវឌ្ឍន៍ និងសកម្មភាពអភិវឌ្ឍន៍នៅក្នុងឃុំសង្កាត់របស់ខ្លួន
-ប្រមូលផ្តុំសេចក្តីត្រូវការក្នុងឃុំសង្កាត់ និងកំណត់អាទិភាពចំពោះសេចក្តីត្រូវការទាំងនោះ ដោយផ្អែកទៅលើធនធានទាំងឡាយ ដែលឃុំសង្កាត់មាន និងធនធានដែលទទួល
-រៀបចំកម្មវិធី ដែលអាចឆ្លើយតបនឹងសេចក្តីត្រូវការនានា តាមរយៈការផ្តល់សេវា និងការអភិវឌ្ឍន៍ ហើយកម្មវិធីទាំងនេះ ត្រូវបញ្ចូលក្នុងថវិកាប្រចាំឆ្នាំរបស់ឃុំសង្កាត់
-ផ្តល់សេវា និងការអភិវឌ្ឍន៍ អនុលោមទៅតាមថវិការបស់ខ្លួន
-ពិនិត្យ តាមដាន និងវាយតម្លៃចំពោះលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍
-ប្រើប្រាស់លទ្ធផលផ្សេងៗ ដើម្បីវាយតម្លៃអំពីកម្រិតនៃការអភិវឌ្ឍន៍ថ្មីៗ ក្នុងឃុំសង្កាត់របស់ខ្លួន
-ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍ឃុំសង្កាត់ ជូនប្រជាពលរដ្ឋរបស់ខ្លួន។ ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវដឹកនាំការងារឲ្យស្របទៅនឹងផែនការអភិវឌ្ឍន៍ឃុំសង្កាត់របស់ខ្លួន។
ផែនការអភិវឌ្ឍន៍ឃុំសង្កាត់ ត្រូវរៀបចំជាលាយលក្ខណ៍អក្សរ ដោយមានផែនទី ស្ថិតិ និងសំណុំឯកសារពាក់ព័ន្ធផ្សេងៗទៀត ភ្ជាប់ជាមួយផង។
ផែនការអភិវឌ្ឍន៍ឃុំសង្កាត់ ក៏ត្រូវកំណត់ផងដែរនូវវិធីសាស្ត្រ និងមធ្យោបាយនានា ដើម្បីបង្កលទ្ធភាពឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងឃុំសង្កាត់របស់ខ្លួន ក្នុងកិច្ចដំណើរការទាំងមូល។
សូមរម្លឹកថា ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី១ ត្រូវបានបោះឆ្នោត កាលពីដើមឆ្នាំ២០០២ ដោយមានអាណត្តិ៥ឆ្នាំ៕







