លោក សុខ ចាន់ផល អ្នកនិពន្ធនៅហង្សមាស និយាយអំពីការចម្លងបទចម្រៀង
ខ្ញុំមិនចង់សរសេរទំនុកច្រៀងជាមួយនឹងបទភ្លេងចម្លងគេទេ
អត្ថបទខាងក្រោមនេះជាការពន្យល់ និងបង្ហាញអារម្មណ៍ដោយផ្ទាល់របស់លោក សុខ ចាន់ផល ដែលលោកជាអ្នកនិពន្ធម្នាក់នៅក្នុងផលិតកម្មហង្សមាស ខ្ញុំសូមយកមកបង្ហាញដូចតទៅ៖

លោក សុខ ចាន់ផល អ្នក និពន្ធ ខ្មែរបច្ចុប្បន្ន
មានមតិរិះគន់ជាច្រើន ចំពោះសិល្បៈចម្រៀងខ្មែរបច្ចុប្បន្ន ហើយខ្ញុំមានពាក្យជាច្រើនដែលមិនដែលនិយាយ… បើនិយាយច្រើន មានខុសអ្វីពីការពារខ្លួនឯង ព្រោះខ្ញុំក៏ជាមនុស្សម្នាក់ក្នុងសិល្បៈ។ បែបនេះខ្ញុំក៏ចេះតែគិតថា តើគួរនិយាយឬមិនគួរ… ប៉ុន្តែដោយតាំងខ្លួនជាមនុស្សស្មោះត្រង់ តើមានរឿងអ្វីដែលគួរលាក់បាំងនោះ? អ៊ីចឹងខ្ញុំក៏សរសេរ Note នេះ ដើម្បីបញ្ជាក់ពីអារម្មណ៍ពិតរបស់ខ្ញុំ។ …គឺដូចអ្នកទាំងអស់គ្នាអ៊ីចឹង ខ្ញុំចង់ឃើញសិល្បៈខ្មែរល្បី ហើយខ្ញុំមិនចង់សរសេរទំនុកច្រៀងឱ្យបទភ្លេងចម្លងគេទេ ព្រោះទោះជាខ្ញុំខំប្រឹងរកអត្ថន័យចម្រៀងខ្លួនឯងយ៉ាងណា ក៏នៅតែមានឈ្មោះថាបទភ្លេងចម្លងគេ។ ប៉ុន្តែខ្ញុំបែរជាធ្វើវារាល់ថ្ងៃ ហេតុនេះខ្ញុំសង្ឃឹមថា អ្នកដែលមានសុភវិនិឆ្ឆ័យនឹងយល់អារម្មណ៍ខ្ញុំ។
ក្នុងជីវិតមនុស្សប្រហែលជាមានរឿងពីរសំខាន់ មួយគឺក្រពះ ពីរគឺឧត្តមគតិ។ ចំពោះអ្នកមាន ពួកគេអាចលែងខ្វល់ពីក្រពះ គិតតែម្យ៉ាងគឺឧត្តមគតិ។ ប៉ុន្តែចំពោះអ្នកក្រដូចជាខ្ញុំ ដើម្បីរស់សម្រេចឧត្តមគតិ ត្រូវតែគិតពីក្រពះសិន។ ហេតុនេះខ្ញុំក៏ទ្រាំសរសេរទំនុកច្រៀងឱ្យបទភ្លេងចម្លង ដើម្បីអាចមានឱកាសសរសេរទំនុកច្រៀងឱ្យបទភ្លេងខ្មែរនិពន្ធថ្មីៗ និងដើម្បីបង្ហាញគំនិតអប់រំមួយចំនួនក្នុងបទចម្រៀង ពោលបើទោះជាបទភ្លេងចម្លង តែក៏មានអត្ថន័យជួយសង្គមបានខ្លះ ដូចជាបទ ក្រោកឈរ ឈាមពេជ្រ ព្រោះយើងជាមិត្ត និស្សិតជួបស្នេហ៍ ស្រលាញ់គឺលះបង់ ស្នេហ៍ស្មោះពិតជាមាន និងបទផ្សេងៗទៀត ដែលខ្ញុំព្យាយាមរកន័យលួងលោមអ្នកស្ដាប់ឱ្យរៀនរស់ដោយចិត្តត្រជាក់ លះបង់អារម្មណ៍ស្អប់ខ្ពើមគ្នា។ ជាលទ្ធផល រហូតមកដល់ពេលនេះ ខ្ញុំសរសេរទំនុកច្រៀងបានរាប់រយបទ ដែលក្នុងនោះមានបទភ្លេងខ្មែរនិពន្ធថ្មីរាប់សិបបទផងដែរ ទាំងបានចេញលក់ និងមិនទាន់ចេញលក់។
ដូចដែលលើកឡើងនេះ ខ្ញុំចង់បញ្ជាក់ថា បើខ្ញុំមិនព្រមតែងទំនុកច្រៀងឱ្យបទភ្លេងចម្លង ខ្ញុំក៏គ្មានឱកាសតែងបទថ្មីរបស់ខ្មែរ ក៏មិនអាចបញ្ចេញគំនិតអប់រំរបស់ខ្លួន។ ដូចគ្នា បើផលិតកម្មស្រុកខ្មែរមិនចម្លងបទភ្លេងគេខ្លះ ផលិតកម្មនោះក៏មិនអាចឈរខ្លួនហ្នឹង ត្បិតលក្ឌខណ្ឌស្រុកទេសមិនទាន់អំណោយផលក្នុងការផលិតស្នាដៃថ្មីនៅឡើយ។ អ្នកស្ដាប់មួយចំនួនបន្ទោសអ្នកផលិត ខណៈដែលអ្នកស្ដាប់ជាច្រើនមិនទាន់ឱ្យតម្លៃស្នាដៃផលិតថ្មីសោះ។ ប៉ុន្តែការបន្ទោសនេះមិនទាន់មានប្រសិទ្ធភាព ក៏មិនមែនជាដំណោះស្រាយ ផ្ទុយទៅវិញបានត្រឹមតែជម្លោះ ព្រោះខ្មែរមិនយល់អារម្មណ៍គ្នា។
ជួនកាលខ្ញុំគិតជ្រៅពីសិល្បៈខ្មែរ ថាតើដល់ពេលណាទើបរីកចម្រើន សម័យកូនខ្ញុំ ឬក៏ចៅខ្ញុំ? សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់។ ខ្ញុំរស់មិនយូរទេ ក៏មិនចង់ឱ្យអ្នកណាស្អប់ឈ្មោះខ្ញុំដែរ។ និយាយបែបនេះមិនមែនខ្ញុំចង់កែប្រែចិត្តអ្នកដែលរិះគន់ខ្ញុំឱ្យស្រលាញ់ខ្ញុំទេ តែខ្ញុំចង់ឃើញខ្មែរចេះស្រលាញ់គ្នាច្រើនជាងនេះ ហើយចាប់ដៃគ្នាដើម្បីអនាគត។ បើឃើញបងប្អូនយើងធ្វើចោរ យើងត្រូវរកមូលហេតុ ហើយជួយសង្គ្រោះគ្នា មិនមែនឈ្លោះគ្នាប្រកាសតាមអ៊ីនធើណេតទេ។ ធ្វើបែបនេះដើម្បីអ្វី? តើអ្នកឈរជាខ្មែរឬក៏ជាតិណា? នេះមិនមែនហៅថា មានមនសិកាជាតិទេ គឺជាន់ជាតិឯង ព្រោះនៅតាមអ៊ីនធើណេត តើមានជាតិណាខ្លះដែលបានឃើញ? តើពួកគេនឹងយល់យ៉ាងម៉េច? ខ្ញុំបែរជាសរសើរជាតិគេ ពេលឃើញគេចេះការពារគ្នា ចេះលាក់បាំងរឿងអាស្រូវគ្នា ព្រោះពួកគេពិតជាស្រលាញ់គ្នាដូចបងប្អូនមែន។
ពេលនេះខ្មែរមិនមែនទន់ខ្សោយតែផ្នែកសិល្បៈទេ តែបើយើងចង់ដោះស្រាយផ្នែកសិល្បៈមុន គឺដូចខ្ញុំនិយាយអ៊ីចឹង ត្រូវស្រលាញ់គ្នាជាមុនសិន ហើយលើកទឹកចិត្តគ្នាឱ្យផលិតស្នាដៃថ្មីៗដោយខ្លួនឯង។ រឿងមួយនេះមិនមែនម្នាក់ឯងធ្វើបានទេ តែទាល់តែផ្ដើមពីអ្នក ហើយទាល់តែអ្នកជួយណែនាំដល់មិត្តភក្តិបងប្អូនអ្នក។ គិតទៅមើល បើម្នាក់ៗសុទ្ធតែគាំទ្រស្នាដៃផលិតថ្មី ហើយឈប់ទិញស្នាដៃចម្លង តើក្រុមហ៊ុនផលិតចម្រៀងផលិតបទភ្លេងចម្លងទៀតទេ? ខ្ញុំជាអ្នកនិពន្ធម្នាក់ នឹងសប្បាយចិត្តបំផុត ហើយខ្ញុំជឿថា ពេលនោះតម្លៃជាអ្នកនិពន្ធខ្មែរនឹងប្រសើរជាងពេលនេះ។
បើមានទាស់ខុសអី សូមអនុគ្រោះផង!
ខ្ញុំស្រលាញ់ខ្មែរ ស្រលាញ់បងប្អូនខ្មែរគ្រប់គ្នា!
ពីខ្ញុំ សុខ ចាន់ផល៕








ចំពោះខ្ញុំមិនដែលនិយាយបន្តុះបង្អាប់ បន្ទោសពួកគេនោះទេ ព្រោះបញ្ហានេះវាទាក់ទងនឹងផ្លូវគំនិតច្រើនជាងផ្លូវកាយ។ បើយើងជិះកង់មិនបានលឿន យើងអាចប្រឹងធាក់អោយបានញាប់ជាងហ្នឹង ដូច្នេះវានឹងទៅមុខលឿនហើយទាន់គេ តែនេះផ្លូវគំនិត ខួរក្បាលយើងអាចមានលទ្ធភាពធ្វើបានតែប៉ុណ្ណឹង អញ្ចឹងអោយធ្វើយ៉ាងម៉េចទៅ តើធ្វើម្ដេចអាចធ្វើអោយលើសអ្វីដែលខ្លួនអាចធ្វើ? ដូចពាក្យមួយឃ្លាថា “Nobody can do more than the best”។
ដូចជាយើងឃើញមនុស្សអីឡូវស្លៀកខោរខូវប៊យរិបរាងឡូយអញ្ចឹង យើងសួរថាហេតុម្ដេចក៏មិនស្លៀកខោចែវរបស់ខ្មែរ? បើអ្នកឆ្លើយសំណួរនេះបាន អញ្ចឹងបទចំរៀងក៏ដូចគ្នាអញ្ចឹងដែរ “គំនិតអ្នកតែងដើរមិនទាន់ចិត្តអ្នកស្ដាប់ រឺ គំនិតអ្នកតែងស្ទង់មិនត្រូវចិត្តអ្នកស្ដាប់”។
ការផលិតបទចំរៀង ដែលតែងបទភ្លេងខ្លួនឯង ហើយអត់ល្បីល្បាញ តើអាចបន្ទោសលើអ្នកណា? បន្ទោសអ្នកស្ដាប់? បន្ទោសអ្នកតែងបទភ្លេង? បន្ទោសអ្នកចំរៀង? “ពិបាកដាក់កំហុសលើអ្នកណាម្នាក់ណាស់” យើងអាចនិយាយថា “គ្មានកំហុសរបស់អ្នកណាទាំងអស់”។
(1)-បើអ្នករិះគន់ដែលថាមិនស្រលាញ់ការលួចចំលង ទាល់តែអ្នកទាំងនោះកុំស្ដាប់បទគេចំលង កុំទិញកាសែត ថាស បទដែលគេចំលង តែវាមានអញ្ចឹងឯណាមានអ្នកស្ដាប់ និង ចូលចិត្តច្រើនកុះករ។
(2)-ហើយមួយវិញទៀតចំពោះអ្នកស្ដាប់ថា ទិញបទចំរៀងដែលតែងបទភ្លេងខ្លួនឯងយ៉ាងម៉េច បើស្ដាប់ទៅមិនពីរោះ មិនត្រូវចិត្តផង ស្ដាប់ទៅភ្លាវ ស្ដាប់ទៅមិនដក់អារម្មណ៍។
——–អញ្ចឹងវាចូលដល់សំណួរខាងលើដដែល “កំហុសអ្នកណា?”។
សរុបសេចក្ដីទៅគឺថា បើចំលងកុំទាំងដុលពេក កុំចំលងសូម្បីទាំង ម៉ូតសក់ ទាំងខោអាវ ទាំងស្ទីលរាំ…..ល…….។
ខ្ញុំឆ្ងល់មួយថា បញ្ហាចម្លងនឹងមិនមានកើតតទៅទៀតទេ បើរដ្ឋាភិបាលស្រែកដាច់អហង្ការតែមួយម៉ាត់ថា រាល់ផលិតកម្មទាំងអស់មិនត្រូវបានអនុញ្ញាតឲ្យចម្លងបទចម្រៀងណាមួយទេពីបរទេស។ ធ្វើបែបនឹង ខ្ញុំជឿជាក់ថាផលិតកម្មទាំងអស់នឹងខិតខំផលិតបទចម្រៀងខ្លួនឯងទាំងស្រុង គ្មាននរណាឡូយជាងនរណាទេ ហើយក៏គ្មានពាក្យថា ចេញបទចម្រៀងលក់មិនទាន់គេអីដែរ។ ឲ្យតែពូកែនិពន្ធភ្លេងថ្មី ចង់ចេញ១០០បទមួយខែក៏ចេញទៅ។ អីក៏ដោយក៏ចាប់ពីចំនុចសូន្យដែរ បើយើងមិនគ្រប់ចាប់ពីចំនុចសូន្យសោះ ចង់មកដល់ឲ្យទាន់សម័យដូចគេដែរ ឲ្យបទភ្លេងឡូយដូចគេដែរតាមរយៈចម្លងពីគេនេះ មិនដឹងពេលណាចេះធ្វើខ្លួនឯងទេ។ ២០ឆ្នាំទៀតក៏នៅតែប៉ុណ្ណឹង គ្មាននរណាគេស្ម័គ្រចិត្តនិពន្ធខ្លួនឯងទេ បើនៅតែមានសេរីភាពចម្លងបែបនឹងនោះ។ បើឈប់ទាំងអស់គ្នា អាក្រក់ល្អក៏ដោយ គឺជារបស់យើង ជាអត្តសញ្ញាណរបស់យើង។ ខ្ញុំសរសើរខាងវៀតណាមដែរ ឃើញពីដើមឡើយមិនដែលមាននរណាចេះស្តាប់បទវៀតណាមទេ ហើយខ្ញុំជឿថាក៏មិនមានអ្នកទិញឌីសស្រ៊ីនអីច្រើនដែរនៅវៀតណាម តែឃើញគេនៅតែនិពន្ធបទរបស់គេមកដល់សព្ធថ្ងៃ ហើយក៏ខ្លាចជាអត្តសញ្ញាណរបស់គេដែរ គឺគ្រាន់តែស្តាប់ទៅ ដឹងតែស្ទ៉ាយបទភ្លេងរបស់វៀតណាមតែម្តង។
និយាយនេះ គឺខ្ញុំចង់បន្ទោសដល់អ្នកកាន់ខាងវិស័យសិល្បៈក៏ដូចជារដ្ឋាភិបាលដែលព្រងើយកន្តើយ មិនព្រមចាត់វិធានការអ្វីសោះ ចំពោះការងារសិល្បៈទេ។ រីឯខាងផលិតកម្មក៏មិនឃើញមានគំនិតមូរមតិគ្នាថាឈប់ចម្លងទាំងអស់គ្នា។
ជាចុងក្រោយ សូមបញ្ជាក់ថា ខ្ញុំមិនដែលមានគំនិតបន្ទោសទៅលើអ្នកនិពន្ធទំនុកចម្រៀងអីទេ តែបន្ទោសដល់កំសោយរដ្ឋាភិបាលទៅវិញ។
linda@ គំនិតអ្នកដូចគំនិតខ្ញុំទាំងស្រុង!!!!!! គ្រាន់តែចង់បន្ថែមថា ខ្ញុំអាណិតសិល្បករខ្មែរដែលមិនហ៊ានវែកញែករករឹសគុលនៃបញ្ហា សុខចិត្តតាមទទូចអោយអ្នកទិញ ទិញDisk Original វិញ។ តាមការពិតបើរដ្ឋាភិបាលចាត់វិធានការក្តៅលើពួកលក់ឌីសក្លែងក្លាយជាប្រចាំដូចបទល្មើសដ៏ទៃ ក៏មិនមានរឿងបែបនេះដែរ។ យូៗទៅវានឹងក្លាយជាប្រពៃណីដែលលែងទិញDisk Original… ហើយបើគិតពីច្បាប់វិញ សូម្បីតែអ្នកបញ្ចូលភ្លេងទូរស័ព្ទតាមកន្លែងនានាក៏រំលោភច្បាប់កម្មសិទ្ធបញ្ញាដែរ។ ហើយអោយរដ្ឋាភិបាលស្រែកដាច់អហង្ការតែមួយម៉ាត់យ៉ាងម៉ិចបើ រដ្ឋាភិបាលគ្មានសម្ថភាពរកដំណោះស្រាយអោយអ្នកសិល្បៈផង។
ទាំងនេះខ្ញុំជឿថាអ្នករាល់គ្នា ប្រហែកជាចង់សំដៅទៅលើ កម្មសិទ្ធបញ្ញា ហើយមើលទៅ
@បញ្ញា៖ រឿងលក់ឌីសក្លែងក្លាយវាជារឿងមួយទៀត។ នុងនៅប្រទេសណាក៏មានដែរ តែពេលនេះខ្ញុំមិនចង់និយាយពីបញ្ហាចម្លងឌីសក្លែងក្លាយនេះទេ ព្រោះវាជារឿងពីរផ្សេងគ្នា។ អ្វីដែលកំពុងពេលនេះ គឺការនិពន្ធបទភ្លេងថ្មី។ ខ្ញុំឧទាហរណ៍មួយឲ្យស្តាប់ ថ្នាក់រៀនមួយមានសិស្ស៣០នាក់ រាល់ពេលប្រលង បើសិនគ្រូក្នុងថ្នាក់នោះបើកដៃឲ្យសិស្សបើកចាក់ដោយសេរី ប្រាកដណាស់សិស្សទាំងអស់ច្បាស់ជាបើកចាក់គ្រប់គ្នា ហើយសិស្សទាំងនោះក៏នឹងមិនដែលអានសៀវភៅ ឬប្រឹងរៀនអីដែរ ព្រោះដល់ពេលប្រលងគ្រូមិនបានបិទសិទ្ធរឿងបើកចាក់ទេ។ ប្រាកដណាស់ អាចនឹងមានសិស្សខ្លះចង់ចេះខ្លួនឯង នោះសិស្សនោះនឹងខំប្រឹងរៀននៅផ្ទះខ្លះដែរ តែទោះប្រឹងរៀនយ៉ាងណាការប្រលងដោយសមត្ថភាពផ្ទាល់និងការបើកចាក់ សិស្សដែលបើកចាក់ច្បាស់ជាបានពិន្ទុច្រើនជាង។ មិនយូរមិនឆាប់ សិស្សដែលខំប្រឹងរៀនខ្លួនឯងនោះ នឹងសម្រេចចិត្តបើកចាក់នឹងគេដែរ ដើម្បីឲ្យរៀនទាន់គេ (បានពិន្ទុដូចគេដូចឯង)។ ត្រង់នេះ ខ្ញុំចង់បញ្ជាក់ថា ព្រោះតែគ្រូដែលបណ្តោយឲ្យសិស្សខ្លួនធ្វើអ្វីតាមអំពើចិត្តនោះ ទើបធ្វើឲ្យសិស្សក្នុងថ្នាក់មិនដែលកាន់សៀវភៅរៀន មិនតែប៉ុណ្ណោះក៏បានបំបាក់ទឹកចិត្តសិស្សដែលខំប្រឹងរៀន ឲ្យចាប់ចេះបើកចាក់ដូចសិស្សឯទៀតផង។ ការព្រងើយកន្តើយ ការមិនយកចិត្តទុកដាក់ ការមិនគិតវែងឆ្ងាយរបស់គ្រូនោះ ធ្វើឲ្យអនាគតរបស់សិស្សទាំង៣០នាក់នោះ គ្មានថ្ងៃរីកចម្រើនទេ។
បើបិទសិទ្ធមិនឲ្យបើកចាក់ឬចម្លង ដំបូងសិស្សទាំងនោះប្រាកដជាប្រលងបានពិន្ទុតិចខ្ញុំជឿជាក់ តែមិនអីទេ ព្រោះថាមួយថ្នាក់សុទ្ធតែអត់បើកចាក់ទាំងអស់គ្នា ដូចនេះពិន្ទុដែលចេញមកគឺវាយុត្តិធម៌និងសុក្រឹតល្អណាស់។ សិស្សខ្លួនឯងផ្ទាល់ ក៏រីករាយនឹងលទ្ធផលព្រោះជាអ្វីដែលខ្លួនធ្វើបានដោយសមត្ថភាពផ្ទាល់ តិចក្តីច្រើនក្តី ក៏វាជាមោទនភាពខ្លួនឯង។ ជឿខ្ញុំចុះ គ្រាន់តែគ្រូតឹងរឹងលែងឲ្យបើកចាក់ភ្លាម សិស្សទាំងនោះនឹងត្រលប់ប្រញះដៃប្រញះជើងកាន់សៀវភៅអាននិងខំប្រឹងរៀនជាមិនខាន។ ហើយមិនយូរប៉ុន្មានសិស្សទាំង៣០នាក់នោះ ក៏នឹងក្លាយជាសិស្សល្អពេញលក្ខណៈ។
នេះជាមូលហេតុដែលខ្ញុំបន្ទោសថាកំហុសមកពីរដ្ឋាភិបាល។ បើអ្នកយល់ពីអ្វីដែលខ្ញុំចង់និយាយ!
គំនិត លីនដា ក៏ម្យ៉ាងដែរ….
@linda, ខ្ញុំយល់ស្របនិងគំនិតរបស់អ្នក.
ពេលអានអត្ថបទ សុខ ចាន់ផល ខ្ញុំមិនយល់ស្របទាំងស្រុងទេ, បើគិតបញ្ហាក្រពេះ អ្នកណាក៏គេគិតដែរ, បើនិយាយអីចឹង ពួកចោរប្លន់ ចោរលួចផ្សេងទៀតក៏មានហេតុផលដោយសារបញ្ហាក្រពេះដែរ, តែ សុខ ចាន់ផលធ្វើការអោយផលិតកម្មហង្សមាសយូរហើយដែរ ហេតុអ្វីពេលនេះហើយគ្មានការផ្លាស់ប្តូរ? បញ្ហាគឺខ្ញុំយល់ថាផលិតកម្មដែលចំលងពីគេអត់ខ្វល់ពីគុណភាព តែបរិំមាណ បើរវល់តែតែងបទភ្លេងខ្លួនឯងចេញបទចំរៀងម៉េចទាន់គេ,ផលិតកម្មភាគច្រើនគិតតែពីចំណេញ តែមួយមុខ មិនបានគិតពីតំលៃសិល្បះជាតិឡើយ, ចឹងបទចំរៀងដែលចេញតែ១ឬពីរខែក៏បាត់ទៅវិញ. ខ្ញុំជឿថាស្រុកខ្មែរអាចធ្វើបាន, បើមិនសាកម៉េចមិនដឹង។ ចំពោះការចំលងគឺចៀសមិនរួចសូម្បីតែសម័យមុនក៏ចំលងតែ ប្រហែល១០ភាគរយប៉ុណ្ណោះ។ ដូច្នេះខ្ញុំសង្ឃឹមថាសុខ ចាន់ផលអាចវិវឌ្ឍន៍ខ្លួនអោយរីកចំរើនជាងនេះ។ ខ្ញុំពេញចិត្តបទចំរៀងខ្លះដែលលោកបាននិពន្ធតែបើអាចកាត់បន្ថយការចំលងពីគេគឺកាន់តែល្អ។ ចំពោះសៀវភៅដែលលោកបាននិពន្ធខ្ញុំចូលចិត្តសឹងតែទាំងអស់។
គាំទ្រការនិយាយរបស់លោកសុខចាន់ផល!