ឯកសារ៖ ចិនផ្ដល់ជំនួយដល់ខ្មែរក្រហម ដើម្បីប្រឆាំងវៀតណាម
ក្នុងសៀវភៅឯកសារដែលខ្ញុំព្យាយាមអានជាច្រើនទំព័រដែលបានមកពី មជ្ឈមណ្ឌលឯកសារកម្ពុជាខ្ញុំឃើញមានសរសេរជាច្រើនអំពីការឈ្លានពានរបស់វៀតណាមក្នុងទឹកដីកម្ពុជា។ នៅក្រោយថ្ងៃ ៧មករា ឆ្នាំ ១៩៧៩ ក្រោយពីកងទ័ពវៀតណាមបានចូលមកវាយរំដោះរួចមក កងទ័ពវៀតណាមបានគ្រប់គ្រងក្នុងទឹកដីកម្ពុជា និងមានលំហូរប្រជាជនវៀតណាមចូលមករស់នៅគ្មានច្បាប់ទម្លាប់រាប់ពាន់ រាប់ម៉ឺននាក់ ហើយក៏បន្តរស់នៅដល់បច្ចុប្បន្ននេះផងដែរ។ ក្រោយថ្ងៃ ៧មករា ថ្ងៃ១៩៧៩ កម្ពុជាមិនទាន់មានសន្តិភាពពេញលេញនោះទេ ព្រោះសង្គ្រាមស៊ីវិល និងកើតមានរាល់ថ្ងៃ រវាងខ្មែរក្រហម និងរដ្ឋាភិបាល ហើយនៅព្រំដែនកម្ពុជា-វៀតណាមឃើញថាប្រយុទ្ធគ្នារាល់ថ្ងៃឥតឈប់ ព្រោះវៀតណាមតែងចូលមកលាតទីក្នុងដីកម្ពុជា។ រហូតទាល់តែដល់ថ្ងៃ ២៣តុលា ដែលមានសន្ធិសញ្ញាក្រុងបារីស ទើបកងទ័ពវៀតណាមត្រូវបានអង្គការសហប្រជាជាតិ ដាក់សម្ពាធអោយដកចេញអោយអស់ពីប្រទេសកម្ពុជា។
ក្នុងអត្ថបទនេះខ្ញុំមិនចង់និយាយលម្អិតអំពី ថ្ងៃ៧មករា ឬថ្ងៃ ២៣តុលានោះទេ តែខ្ញុំចង់និយាយអំពីព្រឹត្តិការណ៍ចន្លោះពីកាលបរិច្ឆេទទាំង២នេះវិញ។ នៅក្នុងឯកសារបានបញ្ជាក់យ៉ាងច្បាស់អំពីប្រាក់ជំនួយចិនសម្រាប់ខ្មែរក្រហមដើម្បីប្រយុទ្ធប្រឆាំងជាមួយវៀតណាម។ សូមមើលសេចក្ដីដកស្រង់ដូចខាងក្រោម៖
លិខិតរបស់ ចិន មូហ្វា ផ្ញើជូន អៀង សារី
សមមិត្ត អៀង សារី ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ!
ខ្ញុំមានកិត្តិយសជម្រាបជូនក្នុងនាមនៃរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិន ដល់សមមិត្តថា តាមសំណូមពរ នៃរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិន យល់ព្រមផ្ដល់ជំនួយឥតសំណងដល់រដ្ឋាភិបាលកម្ពុជាបរ្ជាធិបតេយ្យជា រូបិយបណ្ណ ៥លានដុល្លា ដើម្បីគាំទ្រដាច់ខាតដល់ប្រជាជនកម្ពុជា ឱ្យដណ្ដើមបានជ័យជំនះទាំងស្រុងក្នុងសង្រ្គាមការពារប្រទេសជាតិ ប្រឆាំងវៀតណាម ហើយនិងពង្រឹងបន្ថែមទៀតនូវមិត្តភាពបដិវត្ត និងយុទ្ធសាមគ្គីរវាងប្រជាជនទាំងពីរ ចិន-កម្ពុជា។
បើសមមិត្តយល់ព្រមខ្លឹមសារខាងលើនេះ សូមសមមិត្តឆ្លើយដោយលាយលក្ខណ៍អក្សរដើម្បីទទួលស្គាល់។ សូមសមមិត្តទទួលគារវកិច្ចនៃរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិន។
លិខិតឆ្លើយតបរបស់ អៀង សារី
ជូនចំពោះ សមមិត្ត ចិន មូហ្វា
ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិន!
សមមិត្តជាទីគោរព តាងនាមរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ខ្ញុំមានកិត្តិយសជម្រាបជូនសមមិត្តថា ខ្ញុំព្រមទទួលប្រាក់ជំនួយឥតសំណងរូបិយប័ណ្ណគិតជាទឹកប្រាក់ចំនួន ៥លានដុល្លារអាមេរិកនេះ ដែលផ្ដល់ដោយរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន ជូនកម្ពុជាប្រជាធិបតេយ្យ ដើម្បីគាំទ្រដាច់ខាតចំពោះការប្រយុទ្ធប្រឆាំងរបស់ប្រជាជនកម្ពុជា ទល់នឹងការឈ្លានពានរបស់វៀតណាម ព្រមទាំងពង្រឹង និងពង្រីកមិត្តភាព បដិវត្ត និងយុទ្ធសាមគ្គីភាពរវាងប្រជាជនទាំង២ ចិន-កម្ពុជា។
ជួសមុខឱ្យរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ខ្ញុំសូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយចេញពីដួងចិត្ត ហើយសួមឱ្យមិត្តភាពបដិវត្តយុទ្ធសាមគ្គីភាពរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ស្ថិតស្ថេរជាអមតៈ។
សូមទទួលនូវសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ
ប៉េកាំង ថ្ងៃទី២០ ខែមករា ឆ្នាំ ១៩៧៩
ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស
រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ.។








