លោកអ្នកគិតថាព័ត៌មានខ្មែរផ្ដល់ដំណឹងយ៉ាងដូចម្ដេចដែរ?
ខ្ញុំមិនមែននិយាយដៀមដាម រិះគន់ចំពោះសារព័ត៌មានរបស់ខ្មែរនោះទេ ប៉ុន្តែខ្ញុំគ្រាន់តែបង្ហាញទស្សនៈយល់ឃើញខ្លះៗតែប៉ុណ្ណោះ ហើយមិនដឹងថាចំណុចដែលខ្ញុំនិយាយនេះត្រឹមត្រូវតាមគំនិតរបស់អ្នកអាន ឬយ៉ាងណានោះឡើយ….។
សារព័ត៌មានគឺជាប្រភពមួយដែលតើតួយ៉ាងសំខាន់ក្នុងការ ផ្ដល់ដំណឹងជូនដល់ប្រជាពលរដ្ឋ មិនថាប្រទេសណាឡើយ ចាំបាច់ត្រូវមានស្ថាប័នព័ត៌មាន ដូចជា ទូរទស្សន៍ វិទ្យុ ឬទំព័រកាសែតជាដើម ដើម្បីជួយដល់ការទប់ស្កាត់ចំពោះហេតុការណ៍ផ្សេងៗ ចំពោះទំព័រកាសែត និងវិទ្យុខ្ញុំគិតថាមិនសូវជាអីប៉ុន្មានឡើយ តែសំខាន់បំផុតនោះគឺ ស្ថានីយទូរទស្សន៍តែម្ដង ដែលមានមុខងារយ៉ាងចាំបាច់បំផុត ព្រោះអាចផ្ដល់នូវទិដ្ឋភាពជាក់ស្ដែងដូចជា វីដេអូឃ្លិប ឬ ការអត្ថាធិប្បាយផ្ទាល់។
ឧទាហរណ៍ដូចជា ព្រឹត្តិការណ៍នៅកោះពេជ្រ គឺមានស្ថានីយទូរទស្សន៍បាយ័ន្ត ដែលជាអ្នកដើរតួក្នុងការពាំនាំព័ត៌មាន Update ថ្មីគ្រប់ម៉ោងបន្ទាប់ពីមានហេតុការណ៍ដ៏រន្ធត់ រត់ជាន់គ្នា ព្រោះតែហេតុការណ៍នោះកើតនៅក្បែរកន្លែងដែលមានការផ្សាយផ្ទាល់ តែទោះយ៉ាងណា ក៏ខ្ញុំសូមសរសើរអស់ពីចិត្តដែរ។ ប៉ុន្តែចំណុចដែលខ្ញុំចង់រិះគន់នោះគឺ ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងៗទៀត ហាក់បីដូចជា យឺតមែនទែន ពេលដែលមានព្រឹត្តិការណ៍សំខាន់ ខ្ញុំសង្កេតឃើញថាព័ត៌មានខ្មែរយើង ពិសេសតាមទូរទស្សន៍ដូចផ្ដល់ព័ត៌មានមិនបានទាន់ហេតុការណ៍សោះ ច្រើនតែចុះផ្សាយយឺតជាងគេជាងឯង ១ថ្ងៃ ឬ២ថ្ងៃក៏មាន។
លើសពីហ្នឹងទៅទៀតការផ្សាយព័ត៌មានអន្តរជាតិសំខាន់ៗ ច្រើនតែផ្សាយ រយៈពេលខ្លី ដែលពេលខ្លះខ្ញុំមើលសឹងតែមិនទាន់ ក៏ចប់ទៅវិញ ឧទាហរណ៍ព័ត៌មានស្ដីអំពីព្រឹត្តិការណ៍ព្យុះស៊ូណាមិជាដើម។ ចំណែកបើ ព័ត៌មានធម្មតាៗដូចជា បូកសរុបការងារឃុំសង្កាត់ ថ្នាក់ដឹកនាំ ធ្វើផ្លូវលំ ជួសជុល កាត់ខ្សែសីមា អីនោះវិញឃើញថាផ្សាយរាប់ម៉ោង ហើយសឹងតែគ្រប់ប៉ុស្ត មួយទៀតនិយាយដល់ ការផ្សាយពាណិជ្ជកម្មវិញ មិនបាច់និយាយទេ ផ្សាយៗៗៗ សឹងតែមួយថ្ងៃវាល់ល្ងាច ១០នាទី ទៅ២០នាទីឃើញផ្សាយម្ដង។
ពេលខ្លះព័ត៌មានអនុ្តរជាតិក៏ចាំបាច់ត្រូវចុះផ្សាយអោយបានល្អិតល្អន់ និងច្បាស់លាស់ផងដែរ មិនមែនផ្សាយតែ ៣ ឬ ៤នាទីក៏បាត់ទៅវិញនោះទេ…។ ឧទាហរណ៍ដូចជាករណីសារជាតិចំហេះ ដែលកើតបង្ករឡើងដោយឧស្ម័ននុយក្លេអ៊ែរ ក្រោយមានបាតុភូតិស៊ូណាមិជាដើម ខ្ញុំឃើញព័ត៌មានរបស់ប្រទេសវៀតណាម ថៃ និងចិន ជាផ្សាយតាមទូរទស្សន៍ញឹកញាប់ណាស់ ចំណែកទូរទស្សន៍ខ្មែរ ផ្សាយសឹងតែមិនបានច្បាស់លាស់ផង នេះដោយសារមានព័ត៌មានតាមទំព័រកាសែត និងតាមអ៊ីនធឺណិតទើប យើងអាចទទួលដំណឹងរឹតតែច្បាស់ជាងហ្នឹងបន្តិច….។
ថ្វីតែបញ្ហាបាតុភូតបានកើតឡើងនៅប្រទេសគេក៏ពិតមែន ប៉ុន្តែវាក៏ជាបញ្ហាពិភពលោក ហើយក៏មានឥទ្ធិពលដល់ដល់ប្រទេសផ្សេងទៀតផងដែរ ដូចនេះហើយខ្ញុំសង្ឃឹមថាគ្រប់ស្ថានីយទូរទស្សន៍ខ្មែរ នឹងយកចិត្តទុកដាក់បន្ថែមទៅលើការផ្សាយរបស់ខ្លួនផង កុំសូវគិតតែរឿងផ្សាយពាណិជ្ជកម្មពេក៕
——————-
សូមមើលផងដែរ៖









ការយល់ឃើញល្អ!
អគុណ
គិតដូចគ្នា!